ក្រុម U-16​កម្ពុជា ប៉ះ​​ក្រុម U-16​ថៃ​ល្ងាច​នេះ មុន​ត្រឡប់​មក​ក​ម្ពជា​វិញ​ថ្ងៃ​ស្អែក


(ភ្នំពេញ)៖ ក្រុមបាល់ទាត់ជម្រើសជាតិអាយុក្រោម ១៦ឆ្នាំកម្ពុជា (U-16) នឹងធ្វើការប្រកួតកម្ដៅសាច់ដុំជាមួយក្រុមជម្រើសជាតិអាយុក្រោម ១៦​ឆ្នាំ​ថៃ នា​ល្ងាច​ថ្ងៃ​ទី​២៤ ខែ​មិថុនា​នេះ មុននឹងត្រឡប់មកស្រុកកំណើតវិញថ្ងៃស្អែក ដើម្បីត្រៀមខ្លួនធ្វើម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍​ពាន​រង្វាន់​យុវជន​ប្រចាំ​តំបន់​អាស៊ាន AFF U-16 Championship 2016 នៅខែកក្កដាខាងមុខ ។
នេះគឺជាជំនួបមិត្តភាពលើកទី៣ របស់ក្រុម U-16 កម្ពុជា អំឡុងពេលបោះជំរុំហ្វឹកហាត់រយៈពេលជិត ១សប្ដាហ៍នៅថៃ ក្នុងនោះប្រកួតទី១ ពីដើមសប្ដាហ៍កន្លងទៅ បាន​ចាញ់​ក្រុម U-16 Chonburi របស់​ថៃ ដោយលទ្ធផល ២-០ ប៉ុន្ដែរំលងបាន១ថ្ងៃ ក្រុម U-16 កម្ពុជា ក៏សងសឹកក្រុម U-16 Chonburi បានសម្រេចវិញជាមួយលទ្ធផលបច្ចេកទេស ៥-១ នេះ​បើ​យោង​តាម​ប្រភព​ព័ត៌មាន​ពី​សហ​ព័​ន្ធ​កីឡា​បាល់​ទាត់​កម្ពុជា។

ប្រភពព័ត៌មាននេះបានបញ្ជាក់ថា ដើម្បីពង្រឹងសមត្ថភាពឲ្យកាន់តែប្រសើរ នៅល្ងាចនេះក្រុម U-16 ថៃ នឹងធ្វើការប្រកួតលក្ខណៈមិត្ដភាពជាមួយក្រុម U-16 ថៃ ដែល​ជា​ក្រុម​ជើង​ឯក​ពាន​រង្វាន់ AFF U-16 Championship កាល​ពី​ឆ្នាំ​២០១៥ វិញ​ម្ដង ដើម្បី​វាស់​ស្ទង់​សមត្ថភាព​កីឡាករវ័យក្មេង ដែលដឹកនាំដោយគ្រូបង្វឹកជនជាតិជប៉ុនលោក INOUE KAZUNORI។

គួរបញ្ជាក់ផងដែរថា មុននឹងចេញបោះជំរុំហ្វឹកហាត់នៅថៃ ក្រុម U-16 កម្ពុជា ក៏ធ្លាប់បានហ្វឹកហាត់១សប្ដាហ៍នៅប្រទេសវៀត​ណាម​ផង​ដែរ ហើយ​​ជា​​មួយ​​គ្នា​​នោះ​​ក៏​​មាន​​ការ​​ប្រកួត​​មិត្ត​ភាព ៣ដង​ជា​មួយ​ក្រុមម្ចាស់ផ្ទះវៀតណាមទៀតផង ដោយលទ្ធផលឈ្នះ១ ចាញ់១ និង​​ស្មើ​១​​។ បូក​ទាំង​ប្រកួត​មិត្ត​ភាព​នៅ​ថៃ​នេះ គឺ​៥​ប្រកួត​ហើយ ដើម្បី​​ជា​​បទ​​ពិ​សោធន៍ សម្រាប់​ត្រៀម​ម្ចាស់​ផ្ទះ​ព្រឹត្តិ​ការណ៍ AFF U-16 Championship 2016៕




EmoticonEmoticon