រាជធានីភ្នំពេញ ៖ អ្នកលក់ទូរស័ព្ទដៃម្នាក់បានរៀបចំអន្ទាក់ជាយូរណាស់មកហើយដើម្បីចាំចាប់ ទើបតែពេលនេះអន្ទាក់របស់គាត់បានសម្រេចដោយចាប់បានជនសង្ស័យម្នាក់ក្នុងចំណោម៣នាក់ ។ ហេតុការណ៍ចាប់ចោរគាស់ផ្ទះនេះបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១ និង១៥នាទីរំលងអាធាត្រឈានចូលថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៦ តាមបណ្តោយផ្លូវលេខ២៣០ នៅចំណុចហាងលក់ទូរស័ព្ទដៃយីហោ ដានី ស្ថិតនៅក្នុងសង្កាត់បឹងសាឡាង ខណ្ឌទួលគោក ។
ជនសង្ស័យដែលឃាត់ខ្លួនមានឈ្មោះ ទេព វុទ្ធី ភេទប្រុស អាយុ២៣ឆ្នាំ ស្នាក់នៅមិនពិកប្រាកដ ។ រីឯជនរងគ្រោះមានឈ្មោះ ព្រហ្ម សារិន ភេទប្រុស អាយុ៥៥ឆ្នាំ ស្នាក់នៅផ្ទះជួលគ្មានលេខ ហាងលក់ទូរស័ព្ទដៃ យីហោ ដានី សង្កាត់បឹងសាឡាង ខណ្ឌទួលគោក ។
តាមប្រភពព័ត៌មានពីជនរងគ្រោះបានឲ្យដឹងថា គាត់បានរៀបអន្ទាក់ចាំចាប់ជនសង្ស័យជាយូរមកហើយ តែមិនបានសម្រេចសោះ កាលពី១ឆ្នាំមុនគាត់ត្រូវបានជនសង្ស័យចូលគាស់ផ្ទះរបស់គាត់ ហើយលួចទូរស័ព្ទដៃដែលកូនគាត់ទុកសម្រាប់លក់អស់១ទូ ។ នៅយប់កើតហេតុ មានជនសង្ស័យទាំងអស់៣នាក់ ក្នុងនោះមានជនសង្ស័យម្នាក់កំពុងតែធ្វើសកម្មភាពចូលគាស់សោផ្ទះរបស់គាត់ ភ្លាមៗនោះកូនគាត់ និងបងប្អូនដទៃទៀតបានឃើញ ហើយស្រែកថា ចោរៗ ! ទើបជនសង្ស័យទាំង៣នាក់ភ័យស្លន់ស្លោ នាំគ្នារត់ចែកជើងគ្នា តែត្រូវម្ចាស់ផ្ទះចាប់បានម្នាក់ នាំគ្នាវាយនិងកាប់ចំដៃខាងឆ្វេងបណ្តាលឲ្យដាច់ម្រាមដៃ២ ។ ចំណែកបក្សពួក២នាក់ទៀតរត់គេចខ្លួនបាត់ស្រមោល ។
ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានមកដល់ឃាត់ខ្លួនជនសង្ស័យ តែដោយមានរបួសធ្ងន់ធ្ងរពេកសមត្ថកិច្ចបានដឹកបញ្ចូនទៅមន្ទីរពេទ្យព្រះកុសុមៈដើម្បីព្យាបាល ។ រីឯជនរងគ្រោះវិញគាត់ក៏បានទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍រដ្ឋបាលនគរបាលបឹងសាឡាងចាត់ការតាមច្បាប់ ៕
EmoticonEmoticon