ចិន៖ ពិតជាគួរឲ្យអាណិត បុរសជនជាតិចិនម្នាក់ ដែលតែងតែកើតមានអាការៈមិនប្រក្រតី ឈឺនេះឈឺនោះ ហើយបានសម្រេចចិត្ត ចូលហាងម៉ាស្សាកោសជប់ ដោយតម្រូវឲ្យជប់ខ្យល់ពេញខ្លួន អស់រយៈជាងមួយខែ ប៉ុន្តែជាលទ្ធផលមិនបានគ្រាន់បើ បែរជាកើតចេញរោគសញ្ញា ដ៏សែនអាក្រក់ ប៊ិះស្លាប់ខ្លួនទៅវិញ។
បើតាមប្រភពបានឲ្យដឹងថា បុរសចំណាស់វ័យ ៦៣ឆ្នាំ មិនបង្ហាញអត្តសញ្ញាណ ជាអ្នកស្រុករស់នៅក្នុងខេត្ត ស៊ីឈួន ប្រទេសចិន បានទទួលរងផលប៉ះពាល់ កើតចេញជារោគសញ្ញាដ៏អាក្រក់មួយ ដែលមានស្នាមដុំចំនួន៧ នៅលើខ្នងរបស់គាត់ មើលទៅពិតជាគួរឲ្យខ្ពើមរអើមជាទីបំផុត។
ប្រភបបន្តថា ដោយសារតែ បុរសវ័យចំណាស់រូបនេះ មានជាតិខ្លាញ់ឡើងខ្ពស់ និងបូកផ្សំធ្វើឲ្យប្រព័ន្ធរាងកាយរបស់គាត់ ចុះអន់ខ្សោយ ទ្រុឌទ្រោមជាលំដាប់ផងនោះ រូបគាត់ក៏បានសម្រេចចិត្ត ចូលទៅក្នុងហាងម៉ាស្សាកោសជប់មួយកន្លែង ក្នុងទីក្រុង Chengdu ខេត្ត ស៊ីឈួន ដើម្បីធ្វើការជប់ខ្យល់សម្រួលសរសៃ។
បើតាមការឲ្យដឹងពី បុរសវ័យចំណាស់រូបនេះ គាត់បានចូលហាងម៉ាស្សា តាំងពីខែ ឧសភា មកម៉្លេះ ជារៀងរាល់ថ្ងៃ ដែលក្នុងមួយថ្ងៃយ៉ាងអន់ណាស់ ក៏មួយម៉ោងផងដែរដើម្បីឲ្យគេជប់ខ្យល់ឲ្យ ហើយនៅពេលណាដែលគាត់ មានអារម្មណ៍ថា ឈឺរួយកញ្ជឹង.ក ហេវហត់អស់កម្លាំង រូបគាត់គឺតែតែងត្រលប់ទៅទីនោះ ជាញឹកញយ ហើយបើគិតទៅ វាមានរយៈពេលជាងមួយខែទៅហើយ រហូតបើគិតមកដល់ខែមិថុនានេះ ដែលធ្វើរូបគាត់បានលេចចេញ នូវរោគសញ្ញាពងបែក ស្ទើររលេសរលួយខ្នង ដ៏គួរឲ្យខ្លាច។
ទន្ទឹមនឹងនោះផងដែរ បើតាមប្រភពសារព័តមាន China Times បានឲ្យដឹងថា ក្រោយពីជប់ខ្យល់លើខ្នងរបស់គាត់ បាន១០ថ្ងៃមក ក៏ស្រាប់តែលេចចេញជាពងបែក ហើយបុរសវ័យចំណាស់រូបនេះ នៅតែមកហាងម៉ាស្សានេះជាបន្តរហូត ដោយមិនបានទៅជួបនឹងគ្រូពេទ្យអ្វីឡើយ ហើយថែមទាំងទទូច សុំឲ្យជួយញិចបំបែកពងបែកលើខ្នងរបស់គាត់ រួចលាងសម្អាតរបួសចេញ ជាមួយនឹងទឹកអំបិលថែមទៀតផង។
ទីបំផុត បន្ទាប់ពីរយៈមួយខែនៃការព្យាបាល នៅហាងម៉ាស្សាដ៏គ្រោះថ្នាក់នោះ ស្រាប់តែយប់ថ្ងៃច័ន្ទកន្លងទៅនេះ ខណៈដែលរូបគាត់កំពុងតែដើរសុខៗ ស្រាប់តែមានអារម្មណ៍មិនស្រួល វិលមុខចង់ដួល។ ហើយភ្លាមៗនោះដែរ រូបគាត់ក៏ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យដើម្បីសង្គ្រោះបន្ទាន់ ហើយគ្រូពេទ្យក៏បានពិនិត្យស្ទង់សីតុណ្ហភាព ក្នុងខ្លួនរបស់គាត់ឃើញថា កម្តៅក្នុងខ្លួនគាត់គឺកើនឡើងដល់ ៣៩,៧អង់ស្សាសេឯណោះ ដែលជាកម្តៅគ្រុនក្តៅខ្ពស់មួយ។
ជាមួយគ្នានេះដែរ ក្រុមគ្រូពេទ្យ ភ្ញាក់ផ្អើលជាខ្លាំង ក្រោយពីបានប្រទះឃើញស្នាមរបួសទាំង៧ ដែលមាននៅលើខ្នងរបស់គាត់ ដែលបង្កមកពីការជប់ខ្យល់នោះ ហើយគ្រូពេទ្យរកបានពិនិត្យរកឃើញថា មានឆ្លងមេរោគ តែសំណាងហើយដែលរូបគាត់បានមកសង្គ្រោះនៅមន្ទីរពេទ្យទាន់ពេល កុំអីនោះវានឹងក្លាយទៅជាករណីគំរាមកំហែងយ៉ាងធ្ងន់ធ្ងរ ដល់អាយុជីវិតរបស់គាត់ជាក់ជាមិនខាន ដោយសារតែការបំពុលឈាមនៅក្នុងរាងកាយ។
យ៉ាងណាមិញ ក៏មានអ្នកនិយមលេងអីុនធឺណែត នៅលើបណ្តាញសង្គម Weibo របស់ចិនជាច្រើននាក់ មានភាពភ្ញាក់ផ្អើលជាខ្លាំង ក្រោយពីបានដឹងករណី គួរឲ្យរន្ធត់មួយនេះ រួមជាមួយនឹងពាក្យរិះគន់ ស្តីបន្ទោសទៅកាន់ហាងម៉ាស្សាកោសជប់ខាងលើ ដែលហ៊ានធ្វើ ដល់ថ្នាក់អតិថិជនឈានដល់ដំណាក់កាល ដែលគួរឲ្យខ្លាចនេះផងដែរ។
គួរបញ្ជាក់ដែរថា បច្ចុប្បន្នគេមិនទាន់ដឹងទេថា បុរសវ័យចំណាស់ខាងលើនេះ មានអាការៈធូរស្បើយយ៉ាងណានោះទេ ដោយដឹងត្រឹមថា រូបគាត់កំពុងតែស្ថិតក្រោមការ ព្យាបាលយ៉ាងយកចិត្តទុកដាក់បន្ថែម ពីសំណាក់ក្រុមគ្រូពេទ្យតែប៉ុណ្ណោះ ៕
EmoticonEmoticon